អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ជំនាញការពារថ្នាក់ដឹកនាំ របៀបប្រើប្រាស់ក្លោងទ្វារសុវត្ថិភាព និងបច្ចេកទេសម៉ាស៊ីន X-Ray ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា និងលោកស្រីឧត្តមសេនីយ៍ទោ មុំ សាឃន អនុប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសិក្ខាកាមជាកងកម្លាំងសន្តិសុខផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៤០នាក់ នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។ វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពជូនសមាជិក សមាជិការព្រឹទ្ធសភា មន្ត្រីរាជការថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថាប័នឲ្យបានកាន់តែល្អប្រសើរ ដែលសិក្សាចំនួន២៥ពេល (កម្មវិធីសិក្សាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) សិក្ខាកាមសរុបចំនួន៤០នាក់ ជាកងកម្លាំងសន្តិសុខផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងវគ្គបណ្តុះបណ្តាលនេះដោយមានបង្ហាត់បង្រៀន ដោយក្រុមអ្នកជំនាញមកពីនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃសរុប១២នាក់។ វគ្គបណ្តុះបណ្តាលនេះចែកជាពីដំណាក់កាល ដំណាក់កាលទី១សិក្សាផ្នែកទ្រឹស្តី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៧:០០-១១:០០ នាទីព្រឹក និងដំណាក់កាលទី២ ការអនុវត្តជាក់ស្តែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:០០-១៧:០០ នាទីល្ងាច នៅបរិវេណព្រឹទ្ធសភា។ ប្រភព៖នាយកដ្ឋានព័ត៌មាន